សហគមន៍មានសុវត្ថិភាព បានផ្លាស់ប្តូរមកដោយក្តីសង្ឃឹម

ដែលបានពង្រឹងដោយស្ថេរភាព ដើម្បីអនាគតប្រកបដោយនិរន្តរិ៍ភាព

Home / ហេតុអ្វីមានម្លប់ឫស្សី?

ហេតុអ្វីមានម្លប់ឫស្សី?

ប្រជាជនកម្ពុជាប្រមាណ ៣០,១ ភាគរយរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ (យោងតាមធនាគារពិភពលោក ឆ្នាំ២០០៩) ហើយគ្រួសារភាគច្រើនដែលត្រូវបានសម្ភាសន៍សម្រាប់ការសិក្សានេះកំពុងរស់នៅក្នុងស្ថានភាពក្រីក្រ។ ប្រទេសកម្ពុជាខ្វះបណ្តាញសុខុមាលភាពសង្គមដើម្បីគាំទ្រគ្រួសារក្រីក្រដែលត្រូវការជាចាំបាច់ ហើយជាញឹកញាប់មណ្ឌលកុមារបំពេញនូវកង្វះខាតនេះ។ គ្រួសារក្រីក្របានពន្យល់ថា ពួកគេចង់ផ្តល់ឲ្យកូនៗរបស់ពួកគេនូវអ្វីដែលល្អបំផុត ប៉ុន្តែជាញឹកញាប់មិនអាចទាំងផ្តល់ឲ្យពួកគេនូវម្ហូបអាហារ និងការអប់រំផង។ ខណៈដែលមានកត្តាសង្គម-សេដ្ឋកិច្ចជាច្រើន ដូចជា ឪពុក/ម្តាយរៀបការប្រពន្ធ/ប្តីថ្មី ឪពុក/ម្តាយទោល គ្រួសារកូនច្រើន និងការប្រមឹកស្រា គឺជាកត្តាដែលរួមចំណែកក្នុងការបញ្ជូនកូនទៅរស់នៅតាមមណ្ឌលកុមារក៏ពិតមែន ប៉ុន្តែកត្តារួមចំណែកដែលធំជាងគេតែមួយគត់នោះ គឺការអប់រំ។ នៅក្នុងការស្ទាបស្ទង់មតិដែលធ្វើឡើងស្របពេលជាមួយនឹងការសិក្សាស្រាវជ្រាវ With The Best Intentions បានរកឃើញថា ៩១,៩ ភាគរយនៃសមាជិកគ្រួសារបានយល់ស្រប/យល់ស្របទាំងស្រុងថា គ្រួសារក្រីក្រគួរបញ្ជូនកូនពួកគេទៅមណ្ឌលកុមារកំព្រា ដើម្បីទទួលបានការអប់រំ ប្រសិនបើពួកគេមិនមានលទ្ធភាពអាចបង់ប្រាក់សម្រាប់ការសិក្សារបស់កូនៗពួកគេដោយផ្ទាល់ទេនោះ។ ក្នុងចំណោមគ្រួសារក្រីក្រ ការចំណាយលើការអប់រំថ្នាក់បឋមសិក្សា មានប្រមាណ ២៦,៥ ភាគរយនៃការចំណាយលើអ្វីផ្សេងៗក្រៅពីម្ហូបអាហារ (ធនាគារពិភពលោក ឆ្នាំ២០០៥)។ ប្រឈមមុខនឹងសក្ខីកម្មនេះ គ្រួសារដែលសម្ភាសដោយគម្រោង With The Best Intentions បានជ្រើសរើសយកការបញ្ជូនកូនៗរបស់ពួកគេទៅរស់នៅមណ្ឌលកុមារ ដោយសង្ឃឹមថា មណ្ឌលនឹងផ្តល់នូវគន្លងមួយចាកផុតពីភាពក្រីក្រឆ្ពោះទៅកាន់ជីវិតដ៏ប្រសើរមួយ។ បញ្ជីទិន្នន័យក្រសួង សអក បានបញ្ជាក់ថា នៅក្នុងរយៈពេលជាង ៥ ឆ្នាំកន្លងមកនេះ កុមារ ៤៥ ភាគរយដែលកំពុងរស់នៅក្នុងមណ្ឌលកុមារ ត្រូវបានបញ្ជូនចូលមណ្ឌលកុមារដោយសារមូលហេតុភាពក្រីក្រ។

ជនបរទេសដើរតួនាទីដ៏សំខាន់ក្នុងការបង្កើត និងបន្តនិរន្តរភាពមណ្ឌលថែទាំកុមារនៅក្នុងប្រទេសកម្ពុជា។ មូលហេតុជាចម្បងគឺថា ពួកគេមានបំណងល្អ និងសង្ឃឹមថាមានបទពិសោធន៍ពោរពេញដោយភាពប្រកួតប្រជែងថ្មី។ ដោយហេតុថា ជនបរទេសត្រូវបានគេដឹងថាជាអ្នកបរិច្ចាគប្រាក់ មណ្ឌលកុមារបានចាប់ផ្តើមរៃអង្គាសមូលនិធិច្រើនពីទសចរណ៍ “មណ្ឌលកុមារកំព្រា” ។ កត្តានេះដាក់ជាបន្ទុកមួយទៅលើកុមារ ហើយអាក្រក់បំផុតនោះ វានាំឲ្យពួកគេប្រឈមមុខនឹងហានិភ័យ។ នៅក្នុងករណីមួយចំនួន មណ្ឌលថែទាំកុមារកំពុងត្រូវបានប្រើប្រាស់ដើម្បីរៃអង្គាសប្រាក់តាមវិធីមួយដែលចាប់ផ្តើមក្លាយជាអាជីវកម្មមួយ។ ទេសចរណ៍ក៏បង្កើតទឹកប្រាក់ដែលជាញឹកញាប់មិនត្រូវបានត្រួតពិនិត្យតាមដានទេ ដូច្នេះវាងាយនឹងនាំឲ្យកើតមានអំពើពុករលួយ។ លើសពីនេះទៅទៀត ទឹកប្រាក់ដែលរៃអង្គាសបានតាមលក្ខណៈនេះ មិនអាចឲ្យជឿជាក់បាន ដោយហេតុថា ភ្ញៀវទេសចរខ្លះអាចប្តូរចិត្តវិញ មិនបានចុះកិច្ចសន្យាចងភ្ជាប់កាតព្វកិច្ច ហើយជាញឹកញាប់ មិនអាចធ្វើបានតាមការសន្យារបស់ខ្លួន។ ដោយសារហេតុផលនេះ មានមណ្ឌលថែទាំកុមារជាច្រើនមិនអាចអនុវត្តតាមផែនការរយៈពេលវែងរបស់ពួកគេ។ ភាពអសន្តិសុខផ្នែកមូលនិធិនេះបណ្តាលឲ្យកុមារធ្លាក់ក្នុងស្ថានភាពគ្រោះថ្នាក់ ដែលនៅពេលខ្លះ តម្រូវការជាមូលដ្ឋានរបស់ពួកគេ មិនត្រូវបានបំពេញ ហើយកុមារប្រឈមមុខនឹងអនាគតមិនច្បាស់លាស់។